Sunday, February 13, 2011

អគ្គីភ័យ​ឆាបឆេះការិយាល័យប៉ូលិស អ្នក​ជាប់​ឃុំ​ម្នាក់​ស្លាប់​ខ្លោចក្នុង​​ភ្លើង


ខេត្ត​ស្ទឹង​ត្រែង ៖ សាក​សព​បុរស​ម្នាក់​នេះ​ខ្លោច​ស្លាប់​ក្នុង​​អណ្តាត​​ភ្លើង​​ ខណៈ​មាន​អគ្គី​ភ័យ​​ឆាប​ឆេះ​អគារ​អូស្កូ​១​ខ្នង​របស់​ស្នង​ការ​ដ្ឋាន​​ ប៉ូលិស​ខេត្ត​​រួម​ជា​មួយ​ឃ្លាំង​ស្តុក​សំភារ​របស់​មន្ទីរ​​អភិ​វឌ្ឍន៍​​ជន​ បទ​ខេត្ត​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១២​ កុម្ភៈ ។ សាក​សព​​ដែល​ឆេះ​​ខ្លោច​​មើល​លែង​ស្គាល់​ទៅ​ហើយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ជន​ជាប់​ចោទ​​ដែល​​​ប៉ូលិស​​ចរា​ចរ​ឃាត់​ខ្លួន​​ឈ្មោះ​កែប ប៊ុណ្ណា អាយុ​៣២​ឆ្នាំ ជា​អ្នក​បើក​បរ​តាក់​ស៊ី​ដឹក​ភ្ញៀវ​ពី​ច្រក​ទ្វារ​​អន្តរ​ជាតិ​ត្រពាំង​​ ក្រៀល ព្រំ​ដែន​កម្ពុជា-ឡាវ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដោយ​រថយន្ត​កាមរី​ឆ្លាម ​និង​បាន​បង្ក​ឱ្យ​មាន​​ការ​ក្រឡាប់​រថយន្ត​ពេលដឹក​ភ្ញៀវ​ទេស​ចរ​២​នាក់ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ដែល​បង្ក​ឱ្យ​ស្ត្រី​​​ជន​ជាតិ​ស្វ៊ីស ម្នាក់​របួស​បាក់​ដៃត្រូវ​​បញ្ជូន​ទៅ​ព្យា​​បាល​នៅ​រាជធានី​ភ្នំពេញ ។ ឈ្មោះ​កែប ​ប៊ុណ្ណា ​ត្រូវ​បាន​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​នាំ​​ខ្លួន​មក​សាក​សួរ​ជុំ​វិញ​​ការ​ ក្រឡាប់​​រថយន្ត​នោះ​នៅ​ការិយា​​ល័យ​របស់​ខ្លួន​ និង​បាន​ឃុំ​ខ្លួន​មួយ​យប់​ ថ្ងៃ​ទី​១១ កុម្ភៈ។ លុះ​ដល់​ថ្ងៃទី​១២​ កុម្ភៈ ពេល​កើត​គ្រោះ អគ្គី​ភ័យ​បាន​ធ្វើ​ឱ្យ​​ក្រុម​ប៉ូលិស​ម្នាក់​ៗ​រត់​ចេញ​យក​រួច​ខ្លួន​ទាំង​ ​ព្រលឹង​​ចុង​សក់ ហើយ​ជន​​ជាប់​ឃុំ​​រត់​គេច​មិន​រួច​ក៏​ឆេះ​ស្លាប់​​ខ្លោច​ក្នុង​អណ្តាត​ ភ្លើង។
ប្រភព​ពី​មន្ត្រី​ប៉ូលិស​ចរាចរ​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២​ កុម្ភៈ មន្ត្រី​​ជំនាញ​​បាន​សាក​សួរ​ពី​ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​។ បន្ទាប់​ពី​​ធ្វើ​កំណត់​ហេតុ​ចប់​ស្រាប់​តែ​ធុំ​ក្លិន​ផ្សែង ​ក្រោយ​មក​អណ្តា​ត​ភ្លើង​​​បាន​ឆាប​ឆេះ​​ធ្វើ​ឱ្យ​​នគរ​បាល​ទាំង​អស់​​ដែល​ កំពុង​ធ្វើ​កំណត់​ហេតុ​រត់​​ចេញ​ តែ​មិន​នឹក​ស្មាន​ថា ជន​ដែល​​ឃាត់​ខ្លួន​ឈ្មោះ​កែប ប៊ុណ្ណា ចេញ​មិន​រួច​សោះ។ ទន្ទឹម​នឹង​ហេតុ​ការណ៍​​ភ្លើង​ឆេះ​កើត​ឡើង​​ហើយ​រលត់​ទៅ​វិញ​នៅ​ម៉ោង​១៤​ ថ្ងៃ​ដដែល​នោះ សាច់​ញាតិ​របស់​ឈ្មោះ​កែប ប៊ុណ្ណា ​បាន​មក​សា​ក​សួរ​ដល់​​កំលាំង​សមត្ថ​កិច្ច ទើប​ធ្វើ​ឱ្យ​​សង្ស័យ​ថា អាច​ជាប់​នៅ​ក្នុងភ្នក់​ភ្លើង​ តែ​មិន​ទាន់​ត្រួត​ពិនិត្យ​​ភ្លាមៗ​ទេ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ទើប​កំលាំង​សមត្ថ​កិច្ច​ដែល​មាន​ការ​ចូល​រួម​ពី​ព្រះ​​រាជ​អាជ្ញា​​រង​អម​ សាលា​ដំបូង​ខេត្ត​ស្ទឹង​​ត្រែង នគរ​បាល​​ជំនាញ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ក្រុម​គ្រូ​ពេទ្យ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ ទើប​ដឹង​ថា ជន​រង​គ្រោះ​ដែល​ឆេះ​ខ្លោច​​ស្លាប់​​ក្នុ​ងភ្លើង​​គឺ​ឈ្មោះ​កែប ប៊ុណ្ណា ។
ប៉ូលិស​​ចរាចរ​ផ្លូវ​គោក​មួយ​រូប​បាន​រំលឹក​ថា ​ក្រោយ​កើត​​​ហេតុ​ក្រឡាប់​រថយន្ត​ ​សមត្ថ​កិច្ច​បាន​​ចុះ​វាស់​វែង​​ និង​បាន​ឃាត់​ខ្លួន​អ្នក​បើក​​រថយន្ត​មក​សាក​សួរ​អំពី​ករណី​គ្រោះ​ថ្នាក់​​ ចរា​ចរណ៍​នេះ​រយៈ​​ពេល​​មួយ​​យប់​ រួច​បន្ត​មក​សាក​សួរ​នៅ​ព្រឹក​​ថ្ងៃ​ទី​១២​ កុម្ភៈ ​ទៀត ក៏​ស្រាប់​តែ​កើត​មាន​ភ្លើង​​​​ឆេះ​​បែប​នេះ​តែ​​ម្តង ។ ​នៅ​ក្នុង​​បន្ទប់​​ការិយា​ល័យ​​ដែល​កំពុង​​ឃាត់​ខ្លួន​ជន​រង​គ្រោះ​នោះ​មាន ​មន្ត្រី​ប៉ូលិស​​​យាម​ផង​ដែរ តែ​ក្រោយ​​ពេល​​ភ្លើង​​ឆេះ​ និង​ផ្តាច់​ចរន្ត​អគ្គិ​សនី​ក៏​​ងងឹត​ថែម​ទាំង​​ផ្សែង​​ខ្មៅ​​ឈ្លក់​​ទៀត​ នោះ ​ម្នាក់ៗ​​បាន​រត់​​​ចេញ​ទាំង​មើល​ផ្លូវ​មិន​ឃើញ ​​ខ្លះ​ដួល​សន្លប់​នៅ​​មុខ​កាំជណ្តើរ​​ផ្លូវ​ចូល។ រីឯ​​​ជន​រង​គ្រោះ​​​ដែល​នៅ​ក្នុង​​បន្ទប់​បាន​រក​ផ្លូវ​​ចេញ​ដែរ តែ​ងងឹត​​រក​ទ្វារ​ដើរ​​ចេញ​មិន​​ឃើញ​ ក៏​ដួល​នៅ​​មុខ​បន្ទប់​ការិយា​ល័យ​នោះ​តែ​ម្តង ហើយ​ឮ​​ស្រែក​ឱ្យ​គេ​ជួយ​ តែ​មិន​​មាន​អ្នក​ណា​មក​ជួយ​ទាន់​នោះ​ឡើយ ហើយ​ក៏​បាន​ឆេះ​​ស្លាប់​នៅ​ក្នុង​បន្ទប់​ការិយា​ល័យ​នោះ​តែ​ម្តង ។
លោក​ធា ជា​មិត្ត​ភក្តិ​របស់​ជន​រងគ្រោះ​​​បាន​និយាយ​ថា ប៉ូលិស​ចរា​ចរ​បាន​​ឃាត់​ខ្លួន​ជន​រង​គ្រោះ​​មក​សាក​សួរ​រហូត​ដល់​​ម៉ោង​៨​ យប់ ហើយ​ខ្ញុំ​សុំ​​ការ​ធានា​យក​ជន​រង​​គ្រោះ​ចេញ​មក​ក្រៅ​រង់​ចាំ​ព្រឹក​ឡើង​មក ​ម្តង​ទៀត តែ​មិន​​បាន​ការ​អនុ​ញ្ញាត​ទេ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១២​ កុម្ភៈ ប៉ូលិស​ចរា​ចរ​បាន​សាក​សួរ​បន្ត​រហូត​​ដល់​ម៉ោង​​១០​ព្រឹក ហើយ​ជន​រង​គ្រោះ​​បាន​ទូរស័ព្ទ​​​​ប្រាប់​​ថា រយៈ​ពេល​​ពីរ​ម៉ោង​ទៀត​ ទើប​អនុ​ញ្ញាត។​ លុះ​​រហូត​ដល់​​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់ ក៏​ស្រាប់​តែ​មាន​ភ្លើង​ឆេះ​តែ​ម្តង ។
គួរ​រំលឹក​ថា ​ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​លើ​ទីតាំង​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ ដូរ​មនុស្ស​​ និង​ការ​ពារ​អនីតិ​ជន និង​ការិយា​ល័យ​ចរាចរណ៍​​នៃ​ស្នង​ការ​​​ដ្ឋាន​នគរ​បាល​ខេត្ត ដែល​ជាទីតាំង​អគារ​អតីត​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ស្ថិត​នៅ​​​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ​អគ្គី​ភ័យ​​នេះ​បាន​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ និង​សិស្សា​នុ​សិស្ស​​រត់​​​ប្រសាច​រក​កន្លែង​សុវត្ថិ​ភាព​ ដោយ​សារ​តែ​ភ្លើង​​បាន​ឆេះ​ការិយា​ល័យ​​ប៉ូលិសដែល​នៅ​ក្នុង​ការិយា​ល័យ​នោះ​ មាន​ផ្ទុះ​គ្រាប់​ជា​អាវុធ​ជាតិ​ផ្ទុះ​​ជា​ច្រើន​គ្រាប់​​ ទាំង​គ្រាប់​​តូច និង​គ្រាប់​ធំ ។ ​ការ​ឆាប​ឆេះ​​នេះ​បាន​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១២ កុម្ភៈ ។ ​ក្នុងអំឡុង​ពេល​ភ្លើង​កំពុង​តែ​ឆេះ​ខ្មួល​ខ្មាញ់​​ផ្សែង​ខ្មៅ​ងងឹត​មេឃ​​ រយៈ​៣០​នាទី ស្រាប់​តែ​គ្រាប់​កាំភ្លើង​​ធំ​បាន​ផ្ទុះ​ឡើង​​ចំនួន​៤​គ្រាប់ លាយ​ឡំ​ជា​មួយ​គ្រាប់​តូច​ៗ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​​រត់​ក្រាប​ទាំង​ព្រលឹង ​ចុង​សក់។
តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ក្នុង​អគារ​នោះ​មាន​ឃ្លាំង​ផ្ទុក​អាវុធ​ និ​ងគ្រាប់​​តូច​ធំ ហើយ​ក្នុ​ងចំណោម​គ្រាប់​ធំៗ​ គឺ​មាន​ចំនួន​៤០​គ្រាប់ ​​និង​មីន​តោន​ចំនួន​២​គ្រាប់ ក្រៅ​ពី​​នោះ​​មាន​គ្រាប់​កាំភ្លើង​​អាកា និង​គ្រាប់​កាំភ្លើង​​ផ្សេងៗ​ទៀត ព្រម​ទាំង​កាំភ្លើង​​ចាស់ៗ​​ជា​ច្រើន​ដើម។ មន្ត្រី​ប៉ូលិស​​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គ្រាប់​ដែល​ផ្ទុះ គឺ​ជា​គ្រាប់​ធំ​តែ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ប្រជា​ពល​​រដ្ឋ​ ទេ។ ជា​មួយ​នឹង​ការ​ឆាប​ឆេះ​នោះ សមត្ថ​កិច្ច​នគរ​បាល កង​រាជអាវុធ​​ខេត្ត​ និង​រថយន្តពន្លត់​អគ្គី​ភ័យ​​ចំនួន​២គ្រឿង​របស់​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ ខេត្ត និង​១​គ្រឿង​ទៀត​​របស់​អង្គ​​ភាព​អាកាស​ចរ​ខេត្ត​បាន​ចូល​ទៅ​​ធ្វើ​អន្តរា​ គមន៍​​ តែ​មិន​អាច​ចូល​​ជិត​បាន​ទេ ​ដោយ​សារ​តែ​គ្រាប់​កាំភ្លើង​​បាន​ផ្ទុះ​ឡើង​​ពាស​វាល​ពាស​កាល​ ហើយ​សមត្ថ​កិច្ច​បាន​ត្រឹម​តែ​ឃាត់​ប្រជា​ពល​រដ្ឋ​មិន​ឱ្យ​ចូល​ទីតាំង​ដែល​ ឆេះ​ប៉ុណ្ណោះ។
​ប្រភព​បាន​បន្ត​ថា អគារ​អូស្កូ​ទាំង​នេះ​ គឺ​បាន​បន្សល់​ទុក​តាំងពី​ជំនាន់​អ៊ុន​តាក់ ហើយ​ត្រូវ​បាន​មន្ទីរ​មួយ​ចំនួន ក៏​ដូច​ជា​អង្គ​ភាព​ប៉ូលិស​​យក​មក​ធ្វើ​​ជា​កន្លែង​ធ្វើ​ការ​ ​តែ​ឥឡូវ​ត្រូវ​អគ្គី​ភ័យ​បាន​លេប​ត្របាក់​អស់​អគារ​​ចំនួន​២​ខ្នង បណ្តាល​ឱ្យ​ខូចខាត និង​ឆេះ​ទាំង​ស្រុង ដែល​ក្នុង​នោះ​មាន​អគារ​ការិយា​ល័យ​របស់​ស្នង​ការ​នគរ​បាល​​ខេត្ត និង​អគារ​ជា​ឃ្លាំង​ស្តុក​សំភារ​របស់​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត។ ប៉ូលិស​បាន​និយាយ​ថា ក្នុង​ការិយា​ល័យ​មាន​សំភារ​​​ជា​ច្រើន​ដូច​ជា ឯក​សារ​ត្រូវ​ភ្លើង​ឆា​ប​​ឆេះ​អស់​​គ្មាន​សល់ ។
លោក​សម្បត្តិ មុន្នី អនុ​ប្រធាន​​មន្ទីរ​អភិ​វ​ឌ្ឍន៍​​ជន​បទ ខេត្ត​បាន​ឱ្យ​ដឹង​ថា ភ្លើង​បាន​ត្របាក់​​ឃ្លាំង​ស្តុក​សំភារ​មាន ម៉ាស៊ី​នភ្លើង​​កំលាំង 12KVA ចំនួន​១​គ្រឿង ស្នប់​អាហ្វ្រី​ដេវ​១៥​កំប្លេ ទុយោ​ PVC 60mm ចំនួន​១.៥០០​ដើម ​គ្រឿង​បន្លាស់​អណ្តូង​​ និង​សំភារ​​មួយ​ចំនួន​ទៀត បើ​គិត​ជា​ទឹក​ប្រាក់​​មិន​ក្រោម​​៤០.០០០​ដុល្លារ។ ​នៅ​​​ក្នុង​ឃ្លាំង​នោះ​​ក៏​មាន​មនុស្ស​ស្នាក់​នៅ​ផង​ដែរ តែ​ពួកគាត់​មិន​អាច​យក​អ្វី​​បាន​ទេ ក្រៅ​ពី​​ខោ​អាវ​​ជាប់​ខ្លួន​ ព្រោះ​ភិត​ភ័យ​​ និង​គ្រាប់​​រំសេវ​​​ដែល​កំពុង​ផ្ទុះ​ឡើង ។
​ប្រជា​ពល​រដ្ឋ​ក៏​ឱ្យ​ដឹង​​ផង​ដែរ​ថា ភ្លើង​ឆាប​ឆេះ​ចេញពី​ក្នុង​អគាររបស់​ប៉ូលិស​ ហើយ​រាល​ដាល​ដល់​ឃ្លាំង​របស់​មន្ទីរ​អភិ​​វឌ្ឍន៍​​ជន​បទ​នៅ​ជិត​នោះ។ ​មាន​ការ​សន្និ​​ដ្ឋាន​ខុស​ៗ​​គ្នា​​ថា គ្រោះ​មហន្ត​​រាយ​បង្ក​ឡើង​ដោយ​សារ​ភ្លើង​​ឆាប​ឆេះ​នេះ ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​​ក្នុ​ងអគារ។ តែ​មតិ​ខ្លះ​ថា នៅ​​ពេល​ព្រឹក​​ប៉ូលិស​បាន​ធ្វើ​ពល​កម្ម​ ហើយ​ដុត​សំរាម​​អាច​មាន​ការ​ធ្វេស​ប្រហែស​​ពន្លត់​​មិន​អស់ ទើប​ក្លាយ​ជា​ភ្លើង​ឆេះ​តែ​ម្តង ។ ប៉ូលិស​ពន្លត់​​អគ្គី​ភ័យ​មួយ​រូប​បាន​បញ្ជាក់​ថា ​ទោះ​បី​ជា​​ភ្លើង​​បាន​ឆេះ​អគារអស់​២​ខ្នង តែ​កំលាំង​​យើង​​ខ្ញុំ​​ព្យា​យាម​បាញ់​ស្កាត់​មិន​ឱ្យ​ឆេះ​​រាល​ដាល​​លើ​ អគារ និង​ផ្ទះ​មួយចំនួន​ដូច​ជា​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត ការិយា​ល័យ​​ទូរស័ព្ទ​ខាំ​មី​តែល ​អគារ​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​ស្ទឹង​ត្រែង មន្ទីរ​ផែន​ការ​ខេត្ត​ មន្ទីរទេស​ចរណ៍​​ខេត្ត និង​អង្គ​ការ​​ស្ការ៉ូ ដែល​អគារ​​ និង​ផ្ទះ​ទាំង​នោះ​នៅ​ជុំ​វិញ​ចំណុច​ដែល​​ឆេះ​។ សមត្ថ​កិច្ច​ប៉ូលិស កង​​រាជ​អាវុធ​ហត្ថ​ធ្វើការ​សង្គ្រោះ​ពន្លត់​​ភ្លើង​ឱ្យ​រលត់​ទៅ​វិញ​នៅវេលា ​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ៕

Sources: http://kohsantepheapdaily.com.kh/article/20110213-201540.html

No comments:

Post a Comment