Saturday, March 26, 2011

សកម្ម​ភាព​ដើម្បី​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បិទ​ភ្លើង​រយៈ​ពេល​១ម៉ោង នៅ​ថ្ងៃ​ទី២៦ មីនា វេលា​ម៉ោង​៨និង​៣០នាទី​យប់

Earth Hour គឺ​ជា​យុទ្ធនា​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ផ្នែក​បរិ​ស្ថាន​ធំ​ជាង​គេ​បំផុត ​លើ​សាកល​លោក ដែល​មាន​មនុស្ស​ចូល​រួម​រហូត​ដល់​ប្រមាណ​១,៣​ពាន់​លាន​នាក់ ពី​គ្រប់​បណ្តា​ទ្វីប​ទាំង​អស់។ នៅ​វេលា​ម៉ោង​៨​និង​៣០​យប់ នាថ្ងៃ​សៅរ៍ ទី​២៦ មីនា ឆ្នាំ​២០១១ បណ្តា​ប្រជា​ជន​ សហ​គមន៍ ក្រុម​ហ៊ុន​ឯក​ជន និង​រដ្ឋា​ភិបាល​ទាំង​ឡាយ​នៅ​ជុំ​វិញ​ពិភព​លោក​ នឹង​បិទ​ភ្លើង​រយៈ​ពេល​១​ម៉ោង សម្រាប់​ទិវា Earth Hour ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ សាសនា វប្ប​ធម៌ សង្គម​រស់​នៅ ភេទ វ័យ និង​ភូមិ​សាស្ត្រ​ដើម្បី​ប្រារព្ធ​ការ​អប​អរ​សាទរ​ជា​សាកល​ក្នុង​បុព្វ​ហេតុ ​រួម​តែ​មួយ​គឺ​ការ​ការ​ពារ​ផែន​ដី​របស់​យើង។
Earth Hour ឆ្នាំ​២០១១ សូម​ស្វាគមន៍​ភ្នំពេញ ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​រាជ​ធានី​​ដ៏​ស្រស់​ឆើត​ឆាយ បណ្តា​ប្រជា​ពល​រដ្ឋ សហ​គមន៍ និង​ក្រុម​ហ៊ុន​ឯក​ជន​នៅ​ក្នុង​រាជ​ធានី​នេះ​ឱ្យ​ចូល​​រួម​ជា​មួយ​នឹង​ ទីក្រុង​ ប្រជា​ជន សហ​គមន៍ និង​ក្រុម​ហ៊ុន​ឯក​ជន​ដទៃ​ទៀត​នៅ​ជុំ​វិញ​ពិភព​លោក​ក្នុង​ការ​បិទ​ភ្លើង​រយៈ ​ពេល​១​ម៉ោង ដើម្បី​ប្រារព្ធ​សកម្ម​ភាព​បរិ​ស្ថាន​ជា​ប្រយោជន៍​ដល់​ភព​ផែនដី។
មាន​ទីតាំង​នៅ​លើ​វិថី​ស៊ីសុវត្ថិ​នា​មាត់​ទន្លេ ដែល​ជា​ទីចំណាប់​អារម្មណ៍​នៃ​អ្នក​ទេស​ចរ ភោជនីយ​ដ្ឋាន​បុប្ផា​ភ្នំពេញ ជា​សេវា​កម្ម​សំខាន់​មួយ​ដែល​បាន​ស្វាគមន៍​យុទ្ធនា​ការ Earth Hour ដោយ​សារ​ការ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​នេះ​នឹង​រួម​ចំណែក​ក្នុង​ការ​ការ​ ពារ​បរិ​ស្ថាន។ លោក​មុត សារ៉េត ជា​ប្រធាន​គ្រប់​គ្រង​ភោជនីយ​ដ្ឋាន​បុប្ផា​​បាន​ប្រាប់​ថា ភោជនីយ​ដ្ឋាន​របស់​គាត់​នឹង​ស្ថិត​ក្នុង​ភាព​ងងឹត​រយៈ​ពេល​១​ម៉ោង នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ២០១១ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ដើម្បី​អប​អរ​ទិវា Earth Hour ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​លើ​ពិភព​លោក។
លោក​បាន​បន្ថែម​ថា ការ​រៀបចំ​កម្ម​វិធី​អាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ជំនួស​ភ្លើង​ អគ្គិ​សនី​សម្រាប់​ភ្ញៀវ​របស់​ភោជនីយ​ដ្ឋាន​ខ្ញុំ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា Earth Hour នឹង​ធ្វើ​ឱ្យ​ការ​បំរើ​សេវា​កម្ម​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ ពី​ព្រោះ​វា​ស៊ី​នឹង​បរិយា​កាស​នៅ​ក្នុង​ហាង។ ក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​សាមញ្ញ​ម្នាក់​នៅ​រាជ​ធានី​ភ្នំពេញ អ្នក​ស្រី មៀន សំអាង ជឿ​ជាក់​ថា ការ​ចូល​រួម​របស់​គាត់​ក្នុង​ទិវា Earth Hour នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​សកម្ម​ភាព​ជា​សាកល​ចំពោះ​ការ​ប្រែ​ប្រួល​អាកាស​ ធាតុ។ អ្នក​ស្រី​បាន​និយាយ​ថា ខ្ញុំ​នឹង​ចូល​រួម​បិទ​ភ្លើង​រយៈ​ពេល​១​ម៉ោង នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១១ សម្រាប់​ទិវា Earth Hour និង​បន្ត​ប្រកាន់​ខ្ជាប់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នូវ​ទង្វើ​ដែល​ជួយ​ ការ​ពារ​បរិ​ស្ថាន ដែល​មាន​ដូច​ជា បិទ​ភ្លើង និង​ដក​ឌុយ​ភ្លើង​នៅ​ពេល​មិន​ប្រើ​ប្រាស់ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ ឬ​ជិះ​កង់​ជំនួស​ឱ្យ​ការ​ប្រើ​យាន​យន្ត​នៅ​ពេល​មិន​ចាំ​បាច់។
គេ​ប្រារព្ធ​ទិវា Earth Hour ដំបូង​បង្អស់​ក្នុង​ឆ្នាំ​២០០៧ នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដែល​នៅ​ពេល​នោះ​មាន​មនុស្ស​ចំនួន​២,២​លាន​នាក់​ និង​ក្រុម​ហ៊ុន​ឯក​ជន​ចំនួន​២​ពាន់​បាន​បិទ​ភ្លើង​រយៈ​ពេល​១​ម៉ោង។ ក្នុង​ឆ្នាំ​២០១០ មាន​មនុស្ស​​រាប់​រយ​លាន​នាក់​នៅ​ក្នុង​១២៨​ប្រទេស​ជុំ​វិញ​ពិភព​លោក​បាន​ ចូល​រួម​ប្រារព្ធ​ទិវា Earth Hour។ នា Earth Hour ឆ្នាំ​២០១១ នឹង​មាន​មនុស្ស​រាប់​រយ​លាន​នាក់​ក្នុង​​បណ្តា​ទីក្រុង​ និង​រាជ​ធានី​ ពី​គ្រប់​ទ្វីប​ទាំង​អស់​ចូល​រួម​ប្រារព្ធ​ការ​បិទ​ភ្លើង​រយៈ​​ពេល​១​ម៉ោង ដើម្បី​អប​អរ​សាទរ​ភាព​វិជ្ជ​មាន​ដែល​ពួក​គេ​ធ្វើ​ឡើង​ជា​ប្រយោជន៍​ភព​ផែន​ ដី។
លោក​អែនឌី រីដលី ជា​សហ​ស្ថាប​និក​ និង​នាយក​ប្រតិ​បត្តិ​នៃ​យុទ្ធនា​គារ Earth Hour បាន​មាន​ប្រសាសន៍​ថា សន្ទុះ​នៃ​ការ​ចូល​រួម​ក្នុង​ចលនា Earth Hour ដែល​កើន​ឡើង​ដ៏​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ យ៉ាង​ច្បាស់​ថា មាន​មនុស្ស​រាប់​រយ​លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក​ចង់​ធ្វើ​សកម្ម​ភាព​ បន្ថែមទៀត ដើម្បី​ការ​ពារ​ភព​ផែន​ដី​របស់​ពួក​គេ។ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត ប្រជា​ជន សហ​គមន៍ ក្រុម​ហ៊ុន​ឯក​ជន និង​រដ្ឋា​ភិបាល​នៅ​លើ​ពិភព​លោក​ឱ្យ​ប្តេជ្ញា​ចិត្ត​ចំពោះ​ទង្វើ​ដើម្បី​ និរន្តរ​ភាព​បរិ​ស្ថាន ហើយ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​នេះ​តាម​រយៈ​ការ​បិទ​ភ្លើង​រយៈ​ពេល​១​ម៉ោង យុទ្ធនា​ការ Earth Hour បញ្ជូន​សារ​ដ៏​សំខាន់​មួយ​បង្ហាញ​ថា ពួកគេ​កំពុង​ធ្វើ​សកម្ម​ភាព​ដើម្បី​ថែរក្សា​បរិ​ស្ថាន។
លោក​សេង ទៀក នាយក​​អង្គ​ការ WWF នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​បិទ​ភ្លើង​រយៈ​ពេល​១​ម៉ោង ពិត​ជា​បង្ហាញ​នូវ​ការ​ធ្វើ​សកម្ម​ភាព​សំខាន់​មួយ​សម្រាប់​ភព​ផែន​ដី ប៉ុន្តែ​គេ​ត្រូវ​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​បន្ថែម​លើ​ការ​បិទ​ភ្លើង​មួយ​ ឆ្នាំ​ម្តង​រយៈ​ពេល​១​ម៉ោង​នេះ។ លោក​បាន​បន្ត​ថា យើង​ត្រូវ​ធ្វើ​សកម្ម​ភាព​ទាំង​ឡាយ​ដើម្បី​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ ធាតុ និង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កសាង​បាន​នូវ​អនា​គត​ប្រសើរ​មួយ​ សម្រាប់​ភព​ផែន​ដី​របស់​យើង ពីព្រោះ​​​មិន​ថា​តូច ឬ​ធំ សកម្ម​ភាព​របស់​យើង​ទាំង​អស់​គ្នា​នឹង​អាច​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ។
ទិវា Earth Hour ឆ្នាំ​២០១១ សូម​​អំពាវ​នាវ​ដល់​ពិភព​លោក​ឱ្យ​៖
-បិទ ​ភ្លើង​រយៈ​ពេល​១​ម៉ោង នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ព្រម​ទាំង​ប្រារព្ធ​ការ​ប្តេជ្ញា​ចិត្ត​ការ​ពារ​ភព​ផែន​ដី​ជា​មួយ​នឹង​ប្រជា ​ជន​នៅ​លើ​ពិភព​លោក​ទាំង​អស់គ្នា។
-​បន្ត​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​លើស​ពី​ការ​បិទ​ភ្លើង​រយៈ​ពេល​១​ម៉ោង ដើម្បី​ជា​ប្រយោជន៍​ភព​ផែន​ដី​យើង៕
Sources : http://kohsantepheapdaily.com.kh/article/20110316-010114.html

No comments:

Post a Comment