រាជធានីភ្នំពេញ ៖ មនុស្សចំនួន៥នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងត្របែក សហការជាមួយនគរបាលខណ្ឌចំការមន ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ មីនា ឆ្នាំ២០១១ នៅក្នុងភោជនីយដ្ឋានខមហ្វតស្តា ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ដែលជាប់ពាក់ព័ន្ធពីបញ្ហាផឹកស៊ីស្រវឹងហើយអុកឡុកភោជនីយដ្ឋាន និងបង្កទំនាស់ហិង្សា ។ ជនទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ ម្នាក់ជាស្មៀនសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ១-ឈ្មោះឃុន ស៊ីណាត អាយុ៣១ឆ្នាំ ជាស្មៀនសង្កាត់ទន្លេបាសាក់ ២-ឈ្មោះបូរ៉ា អាយុ៣០ឆ្នាំ ៣-ឈ្មោះសុខ សុភាព អាយុ១៧ឆ្នាំ ៤-ឈ្មោះវីរៈ អាយុ២៣ឆ្នាំ និង៥-ឈ្មោះសុភី រីយ៉ាអាយុ២២ឆ្នាំ ។ ទាំង៥នាក់នេះមានទីលំនៅផ្សេងៗគ្នាក្នុងខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌ ចំការមនបានឱ្យដឹងថា មូលហេតុដែលសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនពួកគេទាំង៥ នាក់ខាងលើ គឺបណ្តាលមកពីពួកគេបាននាំគ្នាចូលទៅផឹកស៊ីនៅក្នុង ភោជនីយដ្ឋានខមហ្វតស្តា ហើយពេលស្រវឹងស្រាក៏ឡូឡាខ្លាំងៗ ប៉ះពាល់ដល់តុភ្ញៀវដទៃទៀត ក៏មានការប្រទូស្តរ៉ាយគ្នាឡើងបង្កជាទំនាស់ហិង្សា មានអ្នករងរបួសក្នុងហេតុការណ៍នោះតែម្តង ។ បន្ទាប់ពីមានទំនាស់ហិង្សាកើតឡើងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ឃាត់បានមនុស្សចំនួន៥នាក់នាំមកកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅក្នុងអធិការដ្ឋាននគរបាលខណ្ឌ ។
ប្រភពព័ត៌មានពីក្រុមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ភោជនីយដ្ឋានខាងលើបានប្តឹងទាមទារសំណងការខូចខាតរបស់របរ ពីក្រុមជនខាងលើនេះ ចំនួន៣.០០០ដុល្លារ ។ ប៉ុន្តែបញ្ហានេះពុំទាន់ដឹងថា ក្រុមជើងខ្លាំងផឹកស៊ីឡូឡាខាងលើមានលុយសងទៅម្ចាស់ ភោជនីយដ្ឋាន ឬក៏យ៉ាងណាឡើយទេ ៕Sources: http://kohsantepheapdaily.com.kh/article/20110325-031757.html
No comments:
Post a Comment