រាជធានីភ្នំពេញ ៖ ព្រឹកនេះថ្ងៃទី២៥ កក្កដា ២០១១ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១០២០១១ ចាប់ផ្តើមហើយ ដោយមានបេក្ខជនចូលរួមប្រឡងទូទាំងខេត្ត-រាជធានីសរុបចំនួន ១១៣.៧៩៥នាក់ ចែកជា២៤៣មណ្ឌល នៅទូទាំងប្រទេសមាន៤.៦៧៣បន្ទប់ និងមានអនុរក្សឬមេប្រយោគចំនួនជាង៣.៥០០នាក់ ។
ការប្រឡងបានប្រព្រឹត្តទៅនៅវេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ ទី២៥ កក្កដា ២០១១ នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស។ លោកអ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បេក្ខជនទាំងអស់ចំនួន១១៣.៧៩៥នាក់ ចែកចេញជាពីរផ្នែកគឺបេក្ខជនផ្នែកវិទ្យាសាស្ត្រ មានចំនួនជាង៦៤.៦៨៤នាក់ និងបេក្ខជនផ្នែកវិទ្យាសាស្ត្រសង្គមចំនួន៤៩.០១១នាក់។ នៅរាជធានីភ្នំពេញមានបេក្ខជនចំនួន២១.២៥១នាក់ ចែកចេញជា៣៨មណ្ឌល និង៥៦បន្ទប់។
លោកអ៊ូ អេង បានបន្តថា រយៈពេលប្រឡងលើវិញ្ញាសាសរសេរមានចំនួន៣ថ្ងៃគឺ ពីព្រឹកថ្ងៃទី២៥-២៦ និង២៧ ។ បេក្ខជនដែលជាប់ លុះត្រាតែធ្វើបានពិន្ទុ៣៦២ពិន្ទុ សម្រាប់សិស្សចំណេះទូទៅ និង៣១២ពិន្ទុ សម្រាប់ស្វៃរិន ឬបំពេញវិជ្ជា ហើយលទ្ធផលប្រឡងនឹងប្រកាសនៅថ្ងៃទី១៩ សីហា ២០១១ សម្រាប់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។ សម្រាប់ខេត្ត-ក្រុងនានានឹងប្រកាសនៅថ្ងៃទី២០ សីហា ២០១១។
លោកអ៊ូ អេង បានបន្តថា ក្រសួងអប់រំសូមជម្រាបដល់មាតា បិតាសិស្សថា នៅពេលប្រឡងមានជនឆ្លៀតឱកាសអះអាងថា មានវិញ្ញាសាប្រឡងធ្លាយ ឬឯកសារថតចម្លងនោះគ្មាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងព្រួយបារម្ភចំពោះសិស្សានុសិស្សដែលមានទូរស័ព្ទប្រើប្រព័ន្ធ អ៊ីនធើរណេតទៅវិញទេ។ សិស្សជាបេក្ខជនត្រូវរៀបចំខ្លួនទៅតាមការណែនាំរបស់ក្រសួង ក្នុងពេលចូលរួមប្រឡង កុំជឿតាមការឃោសនារបស់ជនទាំងនោះ៕
Source:http://kohsantepheapdaily.com.kh/article/21837.html
No comments:
Post a Comment