រាជធានីភ្នំពេញ ៖ អគ្គលេខាធិការអាជ្ញាធរប្រឆាំងគ្រឿងញៀន លោកម៉ឹក ដារ៉ា ដែលជួបប្រទះរឿងអាស្រូវពុករលួយពាក់ព័ន្ធគ្រឿងញៀន និងបទល្មើសមួយចំនួនទៀតនោះត្រូវបានប្រភពចេញពីអង្គភាពប្រឆាំងអំពើពុករលួយបង្ហើបឱ្យដឹងកាលពីរសៀលថ្ងៃទី១៦ មករា ២០១១ ថា នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ។ ពាក់ព័ន្ធនឹងជនត្រូវចោទលោកម៉ឹក ដារ៉ា នេះមិនត្រូវបានសមត្ថកិច្ចជំនាញដូចជាក្រសួងមហាផ្ទៃ ឬអង្គភាពប្រឆាំងអំពើពុករលួយប្រាប់ឱ្យដឹងថា នឹងត្រូវបញ្ជូនទៅកាន់តុលាការណាមួយនោះទេ?
ឧទាហរណ៍ដូចជា តុលាការរាជធានីភ្នំពេញ ឬតុលាការខេត្តបន្ទាយមានជ័យជាដើម ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានមានប្រសាសន៍ថា ចំពោះលោកម៉ឹក ដារ៉ា ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចហើយ រីឯរឿងថា គេបញ្ជូនទៅតុលាការណាបន្តទៀតនោះ លោកមិនដឹងទេ ។
លោកសួន រចនា នាយកអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ បាននិយាយថា រឿងបញ្ជូនលោកម៉ឹក ដារ៉ា មកកាន់តុលាការខេត្តបន្ទាយមានជ័យនេះ លោកមិនបានដឹងទេ ព្រោះលោកកំពុងស្ថិតនៅខាងក្រៅ...។ ប៉ុន្តែមន្ត្រីតុលាការតូចតាចសុំមិនបញ្ចេញឈ្មោះខ្សឹបប្រាប់ថា លោកម៉ឹក ដារ៉ា អាចត្រូវគេបញ្ជូនមកកាន់តុលាការខេត្តបន្ទាយមានជ័យមែន ព្រោះឥឡូវនេះ ឮថា មន្ត្រីតុលាការក្នុងខេត្តនេះកំពុងរង់ចាំការមកដល់របស់លោកម៉ឹក ដារ៉ា ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព

Sources :http://kohsantepheapdaily.com.kh/article/20110116-040854.html
No comments:
Post a Comment