Sunday, July 24, 2011

គ្រួសារ​អាណិក​ជន​ខ្មែរ​មក​ពី​ប្រទេស​បារាំង​ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​៤​ របួស៥

ខេត្តស្ទឹងត្រែង ៖ គ្រួសារ​អាណិកជន​​ខ្មែរ​មកពី​ប្រទេស​បារាំង​មក​លេង​ស្រុក​ខ្មែរ​ ជួបគ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨អា បណ្តាល​ឱ្យ​មនុស្ស​៤នាក់​ស្លាប់​បាត់បង់ជីវិត​ និង​៥នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​យ៉ាង​ប្រញាប់​ប្រញាល់​កាលពី វេលាម៉ោង​២ និង៤០នាទី ថ្ងៃទី២៤​ កក្កដា ២០១១ ស្ថិត​ក្នុងភូមិ​អូរលាងក្រួស ឃុំ​ក្បាល​រមាស ស្រុក​សេសាន ។
អ្នកធ្វើ​ដំណើរ​ក្នុង​រថយន្ត​នេះគឺ​ជាគ្រួសារ​តែ​មួយ ឬសាច់ញាតិ​ផ្សេងៗ​មកជួបជុំ​បង​ប្អូន​មកពី​ប្រទេស​បារាំង​ ហើយ​ជូន​ដំណើរ​ទៅ​លេង​តំបន់​នេះ​តំបន់​នោះ ។ រថយន្ត​ដឹក​ក្រុម​គ្រួសារ​អាណិក​ជនខ្មែរ​មក​ពី​ប្រទេសបារាំង​នេះ​ម៉ាក​ ប្រាដូរ ពណ៌ទឹក​ប្រាក់​ បាន​បើក​បរ​លឿនស្លេវ វាក់​នឹងផ្លូវកោង​ក៏​ជ្រុល​ចង្កូត​ក្រឡាប់​ច្រើន​ត្រឡប់​​លើ​ផ្លូវ​ក្រួស​ ក្រហម​ដែល​មាន​ស្ថាន​ភាព​រអិល​​បណ្តាល​ឱ្យ​ស្លាប់​ និងរងរបួស​បែប​នេះ ។
រថយន្ត​នេះ​ធ្វើ​ដំណើរ​មក​ពីខេត្ត​មណ្ឌល​គិរី​ ឆ្លងកាត់​ខេត្ត​ក្រចេះ​,​ ស្ទឹងត្រែង​ ក្នុង​បំណង​ឆ្ពោះ​ទៅ​កាន់​ខេត្ត​រតនគិរី ដើម្បី​ធ្វើ​ទេសចរណ៍​ និង​សួរ​សុខ​ទុក្ខ​បងប្អូន ។ ព័ត៌មានលម្អិត​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ​ និង​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព ៕
ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ

Source:http://kohsantepheapdaily.com.kh/article/21835.html

 

ព្រឹកនេះ​បេក្ខជន​​​​១១៣.៧៩៥នាក់​ ​បាន​ចាប់​ផ្តើម​​ចូល​ប្រឡង​​​យក​សញ្ញា​បត្រ​​មធ្យម​សិក្សា​ទុតិយ​ភូមិ​​​ហើយ​​

រាជធានីភ្នំពេញ​​ ៖ ព្រឹកនេះ​​ថ្ងៃទី​​​​២៥​ កក្កដា ​​២០១១ ​​ការប្រឡង​សញ្ញា​បត្រ​​​​មធ្យម​សិក្សា​ទុតិយភូមិ​ ​​​(បាក់ឌុប) ឆ្នាំ​សិក្សា​​២០១០­២០១១ ​​ចាប់​ផ្តើម​​ហើយ ដោយ​មានបេក្ខ​ជន​​ចូល​រួម​​ប្រឡង​ទូទាំង​​ខេត្ត​-រាជធានី​​ស​រុប​ចំនួន​​​​ ១១៣.៧៩៥​នាក់ ​ចែកជា​​​​២៤៣​មណ្ឌល ​នៅទូ​ទាំង​ប្រទេស​មាន​​​៤.៦៧៣​បន្ទប់ និង​​​មាន​អនុ​រក្ស​​ឬ​មេ​ប្រយោគ​​ចំនួន​ជាង​​​​៣.៥០០​នាក់ ។ ​
ការ​ប្រឡង​បាន​ប្រព្រឹត្ត​​ទៅនៅវេលាម៉ោង​​​៧​ព្រឹក​ ថ្ងៃ​ចន្ទ ទី​២៥ កក្កដា ​​​២០១១ នៅ​គ្រប់​មណ្ឌល​​ប្រឡង​​​ទូទាំងប្រទេស​។​ លោកអ៊ូ អេង អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ក្រសួងអប់រំ ​យុវ​ជន និង​កីឡា ​មាន​ប្រសាសន៍​​​ថា បេក្ខ​​​​ជន​ទាំង​អស់​​ចំនួន​​​​១១៣.៧៩៥​នាក់ ចែក​ចេញជា​ពីរផ្នែក​​គឺ​បេក្ខ​ជន​​ផ្នែក​វិទ្យា​​​​សាស្ត្រ ​មាន​ចំនួនជាង​​​៦៤.៦៨៤​នាក់ ​​​និងបេក្ខ​ជន​​ផ្នែក​វិទ្យា​​​សាស្ត្រ​​​សង្គម​ចំនួន​​​៤៩.០១១នាក់​។ នៅ​រាជ​ធានីភ្នំពេញ​មានបេក្ខ​ជន​​​ចំនួន​​​២១.២៥១​នាក់ ​ចែក​ចេញ​​ជា​​​៣៨មណ្ឌល និង​​​៥៦​​បន្ទប់​។​
លោក​អ៊ូ អេង បាន​បន្ត​ថា ​​រយៈ​ពេល​​ប្រឡង​​លើ​​វិញ្ញាសា​​សរសេរ​​មាន​ចំនួន​​​៣ថ្ងៃ​គឺ​​​ ពីព្រឹកថ្ងៃទី​​​​​២៥­-២៦ និង​​​​២៧ ។ បេក្ខ​ជន​​ដែល​​ជាប់​ លុះត្រា​តែ​​ធ្វើបាន​​​ពិន្ទុ​​​​៣៦២​ពិន្ទុ សម្រាប់​​​សិស្ស​ចំណេះ​ទូទៅ​ និង​​​៣១២​ពិន្ទុ ​​សម្រាប់ស្វៃ​​​រិន ឬ​​​បំពេញ​វិជ្ជា​ ហើយ​លទ្ធ​ផល​​​ប្រឡង​នឹង​​ប្រកាស​នៅថ្ងៃទី​​១៩ សីហា​ ​​​​២០១១ សម្រាប់ខេត្ត​កណ្តាល និង​រាជធានីភ្នំពេញ ​​។ សម្រាប់​ខេត្ត​-ក្រុង​​នានា​នឹង​ប្រកាស​​​នៅថ្ងៃទី​​​​២០ សីហា​ ​២០១១​។​
លោកអ៊ូ អេង ​បានបន្ត​ថា ក្រសួងអប់រំ​សូម​ជម្រាប​​ដល់មាតា បិតា​សិស្ស​​​ថា នៅពេល​ប្រឡង​​មាន​ជនឆ្លៀត​ឱកាស​​​អះអាង​ថា ​​មានវិញ្ញា​សា​​​ប្រឡង​ធ្លាយ​​​ ឬ​ឯកសារ​​​ថត​ចម្លង​នោះគ្មាន​នោះទេ​ ប៉ុន្តែ​​អ្វីដែល​​សំខាន់​នោះ គឺយើង​​ព្រួយ​បារម្ភ​ចំពោះ​​​សិស្សានុសិស្ស​ដែលមាន​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ អ៊ីនធើរណេត​ទៅវិញ​ទេ​។ ​​សិស្សជា​បេក្ខ​​ជន​ត្រូវរៀបចំ​ខ្លួនទៅ​តាម​​​​ការណែនាំ​​​របស់​ក្រសួង​ ក្នុង​​ពេល​ចូលរួម​ប្រឡង​ ​កុំជឿ​តាម​​ការ​ឃោសនា​​របស់​ជន​​ទាំង​នោះ​​៕​
Source:http://kohsantepheapdaily.com.kh/article/21837.html