រាជធានីភ្នំពេញ ៖ អំពើឈ្លានពានយ៉ាងពេញទំហឹងរបស់សៀមប្រឆាំងនឹងកម្ពុជាដែលមានរយៈ ពេលជិត១សប្តាហ៍មកហើយនៅតំបន់ប្រាសាទព្រះវិហារ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតមួយនៅថ្ងៃទី៦ កុម្ភៈ ជូនលោកជំទាវប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដោយជំរុញឱ្យមានការកោះប្រជុំជាបន្ទាន់មួយក្នុងក្រុមប្រឹក្សា សន្តិសុខនៃ អ.ស.ប ដើម្បីដោះស្រាយបញ្ហាដែលកាន់តែធ្ងន់ធ្ងរ និងគ្រោះថ្នាក់។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នេះ កោះសន្តិភាពបានថតចម្លងទាំងស្រុងដាច់ដោយឡែកក្នុងព័ត៌មាននេះ។ មុននេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រមុខការទូតកម្ពុជាក៏បានផ្ញើលិខិតជូនដំណឹងមួយរួចហើយដែរពី ការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំង២កម្ពុជា-សៀម នៅតំបន់ព្រំដែនប្រាសាទព្រះវិហារ។
- ស្ថានការណ៍សង្គ្រាមកាន់តែក្តៅ
សង្គ្រាមដែលបានកើតឡើងយ៉ាងក្តៅគគុកកាលពីល្ងាច ថ្ងៃទី៦ កុម្ភៈ និងស្ងប់នៅម៉ោងប្រមាណជាង១០យប់ គឺជាការប៉ះទង្គិចគ្នាមិនធ្លាប់មាន ដោយសារតែបានផ្ទុះឡើងពេលផ្ទៃមេឃចាប់ផ្តើមងងឹត ដែលបង្កឡើងពីសំណាក់សៀមឈ្លានពាន និងបានប្រើប្រាស់អាវុធធុនធ្ងន់បាញ់មកលើទីបញ្ជាការជួរមុខរបស់ កងទ័ពកម្ពុជាស្ទើរគ្រប់ចំណុច ក្នុងមហិច្ឆតាដណ្តើមឈរជើងនៅតាមបណ្តាខ្សែត្រៀមជួរមុខប្រាសាទ ព្រះវិហារ និងចូលកាន់កាប់ទីតាំងវត្តកែវសិក្ខាគិរីស្វារៈ។ សង្គ្រាមដែលផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុងតំបន់ប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃទី៤ កុម្ភៈ រហូតដល់ថ្ងៃទី៧ កុម្ភៈ គឺកងទ័ពសៀមបានបាញ់កាំភ្លើងធុនធ្ងន់មកលើទឹកដីកម្ពុជាជាច្រើន រយគ្រាប់ និងបានបាញ់មកលើវត្តកែវសិក្ខាគិរីស្វារៈក្នុងទឹកដីកម្ពុជា ព្រមទាំងបាញ់ស្រោចទៅលើប្រាង្គប្រាសាទព្រះវិហារដែលជាកេរមរតក ដ៏មហាសាលរាប់រយគ្រាប់ បណ្តាលឱ្យបាក់បែកប្រេះស្រាំជាច្រើនកន្លែង។ មកដល់ថ្ងៃទី៧ កុម្ភៈ វេលាម៉ោងប្រមាណ៧និង៤០នាទីព្រឹក ស្ថានការណ៍យោធានៅចំណុចភ្នំទ្រព្យបានផ្ទុះអាវុធម្តងទៀត ខណៈទ័ពសៀមនាំគ្នាជាច្រើនសិបនាក់ចូលមកយកខ្មោចពួកគេដែល ស្លាប់នៅលើខ្សែត្រៀមរបស់កងទ័ពកម្ពុជាកាលពីយប់ថ្ងៃទី៦ កុម្ភៈ។ ខណៈទ័ពសៀមជាច្រើនរយនាក់វាយដណ្តើមកាន់កាប់ទីបញ្ជាការកងទ័ព ខ្មែរនៅលើភ្នំទ្រព្យ តែត្រូវបានកងទ័ពកម្ពុជាវាយទប់ទល់យ៉ាងទាន់ចិត្ត ធ្វើឱ្យទ័ពសៀមជាច្រើនរយនាក់ត្រូវស្លាប់ និងរងរបួសយ៉ាងដំណំ និងចោលខ្មោចទាហានរបស់ខ្លួនជាច្រើននាក់នៅលើសមរភូមិ។
មន្ត្រីយោធាកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ កុម្ភៈ មុនពេលមានការប៉ះទង្គិចគ្នាម្តងទៀត ពួកសៀមបានចូលមកយកខ្មោច តែកងទ័ពកម្ពុជាលែងយោគយល់ ទើបមានការប្រយុទ្ធគ្នាអស់រយៈពេលជាង២ម៉ោងទៀត និងធ្វើឱ្យទាហានសៀមស្លាប់ម្នាក់ទៀតនៅនឹងកន្លែង។ ភាពសៅហ្មង និងមហន្តរាយដោយសារការឈ្លានពានពីសំណាក់សៀមនាពេលនេះ បើក្រឡេកមើលទៅវត្តកែវសិក្ខាគិរីស្វារៈដែលជាវត្តរបស់ខ្មែរ បានសាងសង់តាំងពីឆ្នាំ១៩៩៨ មុន MOU ដែលធ្វើនៅឆ្នាំ២០០០ និងធ្លាប់តែបានឃើញពុទ្ធបរិស័ទពីទីជិតឆ្ងាយរាប់ម៉ឺននាក់ចូលទៅ ថ្វាយបង្គំគោរពប្រពៃណីនៃជំនឿសាសនា និងបួងសួងសុំសេចក្តីសុខពីព្រះពុទ្ធ និងពីបារមីនៃប្រាសាទព្រះវិហារ និងបារមីលោកតាឌី ដែលស្ថិតនៅលើទឹកដីអង្គរដ៏បវរនៃយើង ពេលនេះវត្តអារាមរបស់ខ្មែរនេះបានក្លាយទៅជាគំនរបាក់បែក និងគ្របដណ្តប់ទៅដោយផ្សែងពុល និងបំណែកអំបែងគ្រាប់កាំភ្លើងផ្លោងពាសពេញផ្ទៃវត្ត។
ដោយសារសង្គ្រាមនេះ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងស្រុកជាំក្សាន្តដែលបង្កើត ភូមិដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាពេលនេះបានបង្ខំចិត្តនាំ កូនប្រពន្ធភៀសខ្លួនធ្វើដំណើរតាមរទេះគោ គោយន្ត រថយន្ត និងខ្លះទៀតបានការជួយដឹកជញ្ជូនពីសំណាក់រថយន្តរបស់អគ្គនាយក ដ្ឋានភស្តុភារហិរញ្ញវត្ថុនៃក្រសួងការពារជាតិប្រចាំសមរភូមិមុខ ទិសទី១ប្រាសាទព្រះវិហារ ដើម្បីបានទៅស្នាក់នៅជាបណ្តោះអាសន្ននៅទីសុវត្ថិភាពតាមដងផ្លូវ ជាតិលេខ៦២ ស្ថិតក្នុងឃុំថ្មី ត្រង់ចំណុចផ្លូវបំបែកក្នុងស្រុកគូលែន ដែលមានចំងាយពីប្រាសាទព្រះវិហារប្រមាណ១០០គីឡូម៉ែត្រ រង់ចាំការផ្តល់អំណោយពីកាកបាទក្រហមកម្បុជា។ មកដល់ត្រឹមម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល សភាពការណ៍នៅតំបន់ប្រាសាទព្រះវិហារមានសភាពស្ងាត់ស្នូរគ្រាប់ដែល បាញ់ផ្លោងដាក់គ្នា ប៉ុន្តែកងទ័ពទាំង២ស្ថិតនៅក្នុងលេណដ្ឋានត្រៀមប្រយុទ្ធដដែល និងមិនដឹងថា តើវិនាទីណាសង្គ្រាមថ្មីទៀតនឹងផ្ទុះឡើង។
- ប្រមុខ អ.ស.ប ព្រួយបារម្ភពីភាពតានតឹងរវាងកម្ពុជា និង ថៃ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន កាលពីថ្ងៃទី៧ កុម្ភៈ បានអំពាវនាវឱ្យកម្ពុជា និងថៃ មានការអត់ធ្មត់ឱ្យបានច្រើនចំពោះការផ្ទុះអាវុធរវាងកងទ័ពប្រទេស ទាំងពីរ ដោយសារជំលោះព្រំដែន ។ លោកបាន គីមូន បានលើកឡើងដូច្នេះនៅពេលការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ព កម្ពុជា និងកងទ័ពថៃ ផ្ទុះឡើងជាថ្មីទៀត កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ជាថ្ងៃទី៤នៃការផ្ទុះអាវុធនេះ ។ តាមប្រភពព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ឱ្យដឹងថា ការផ្ទុះអាវុធលើកចុងក្រោយកើតឡើងក្នុងអំឡុងពេលនៃការធ្វើ ប្រតិបត្តិការដោយទាហានថៃ ដើម្បីស្វែងរកអ្នកស្លាប់ ឬរបួសដោយសារការផ្ទុះអាវុធកាលពីថ្ងៃទី៦ កុម្ភៈ កន្លងមក ។
ប៉ុន្តែទោះបីជាបែបណា ខាងភាគីថៃចាត់ទុកថាជារឿងមិនសូវសំខាន់នូវរបាយការណ៍អំពីការ ផ្ទុះអាវុធជាថ្មីកាលពីព្រឹកថ្ងៃទី៧ កុម្ភៈ ដោយប្រភពយោធានៅតំបន់ក្បែរព្រំដែនចាត់ទុកការផ្ទុះអាវុធ នោះកើតឡើងដោយសារការយល់ច្រឡំ ។ ជាមួយគ្នានេះ តាមរបាយការណ៍ពីខេត្តស៊ីសាកេតថា ការផ្ទុះអាវុធជាថ្មីរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កើតឡើងដោយការបាញ់កាំភ្លើងធំ និងកាំភ្លើងធុនស្រាល ហើយអ្នកភូមិនៅតំបន់ក្បែរនោះបានរត់ភៀសខ្លួនទៅរកកន្លែង មានសុវត្ថិភាព ។
ការិយាល័យ អ.ស.ប ប្រចាំក្រុងញូវយ៉កឱ្យដឹងថា ប្រមុខ អ.ស.ប លោកបាន គីមូន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពទាល់ច្រករវាងប្រទេស កម្ពុជា និងថៃ ។ ការិយាល័យនេះ ឱ្យដឹងទៀតថា លោកអគ្គលេខាធិការបាន គីមូន អំពាវនាវដល់ភាគីទាំងពីរកម្ពុជា និងថៃ ឱ្យរៀបចំបញ្ចប់ភាពអមិត្តជាមួយគ្នា ហើយអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក ។ ដោយឡែកកាលពីព្រឹកថ្ងៃទី៧ កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទូចដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យបើក កិច្ចប្រជុំបន្ទាន់មួយពិភាក្សាអំពីអ្វីដែលសម្តេចពិពណ៌នា ថា ជាការឈ្លានពានរបស់ថៃ ។
- សិង្ហបុរីទទូចសុំឱ្យថៃ និងកម្ពុជាអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក
ប្រទេសសិង្ហបុរីបានសំដែងការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយការផ្ទុះអាវុធនៅតំបន់ព្រំដែន រវាងប្រទេសថៃ និងប្រទេសកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីបានអំពាវនាវដល់ប្រទេសថៃ និងប្រទេសកម្ពុជាឱ្យអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក ។ អ្នកនាំពាក្យរូបនោះបានទទូចសុំឱ្យកម្ពុជា និងថៃដោះស្រាយការមិនចុះសម្រុងគ្នាតាមរយៈការចរចា ពីព្រោះវាមានសារសំខាន់សំរាប់ទំនាក់ទំនងរយៈពេលវែងរវាងប្រទេស ទាំងពីរ ព្រមទាំងផ្តល់គុណប្រយោជន៍យ៉ាងធំធេងសំរាប់អាស៊ាន ។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយក្រសួង ការបរទេសសិង្ហបុរីថា សិង្ហបុរីស្វាគមន៍ និងគាំទ្រចំពោះដំណើរទស្សនកិច្ចដោយរដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ី លោកម៉ាធី ណាតាលីហ្គាវ៉ា ទៅកាន់ទីក្រុងបាងកក និងក្រុងភ្នំពេញ។ សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ានកំពុងតែពិគ្រោះយោបល់យ៉ាង សកម្មភាពជាមួយភាគីដែលពាក់ព័ន្ធដើម្បីជួយសំរបសំរួលឱ្យមានការ ចរចារវាងប្រទេសថៃ និងប្រទេសកម្ពុជាដើម្បីឱ្យជំលោះរវាងប្រទេសទាំង២ត្រូវ បានដោះស្រាយដោយសន្តិវិធី ។
- ការបិទពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃអាចខាតបង់ពី២០ពាន់លាន ទៅ៣០ពាន់លានបាតក្នុងមួយខែ
ប្រធាន សភាពាណិជ្ជកម្មរបស់ថៃរូបនេះ និយាយទៀតថា វានឹងជាការបង្កការខាតបង់ផ្នែកពាណិជ្ជ កម្មធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១០ឆ្នាំ ដែលបណ្តាលមកពីបញ្ហា២ ទាក់ទងនឹងប្រាសាទព្រះវិហារ និងនយោបាយ ។ បើនិយាយពីបញ្ហាប្រាសាទព្រះវិហារវាគ្មានបញ្ហាអ្វីនោះទេ ប្រសិនបើភាគីទាំង២អាចយល់ព្រមលើការគ្រប់គ្រង ប្រាសាទព្រះវិហាររួមគ្នា ហើយបើនិយាយពីនយោបាយជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត ៕
Sources: http://kohsantepheapdaily.com.kh/article/20110207-202354.html
No comments:
Post a Comment