សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធនូវការចរចាទ្វេភាគីជាមួយសៀមដោយសម្តេចបានថ្លែងថា យើងបានដំណើរការអស់ជាងពីរឆ្នាំ។ ឥឡូវនេះយើងសំរេចចិត្តធ្វើសកម្មភាពតាមផ្លូវច្បាប់ លើកនេះមិនមែនគ្រាន់តែតុលាការអន្តរជាតិឡាអេទេ គឺក្រុមប្រឹក្សាសន្តិសុខអ.ស.បតែម្តង ដោយសារកំពុងតែកើតសង្គ្រាមបណ្តាលមកពីការឈ្លានពានរបស់ថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនា រសៀលថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១១ នៅសាលសន្និសីទចតុមុខ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១០របស់ក្រសួងពាណិជ្ជកម្ម។ សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋសូមឱ្យចូលរួមជាបន្តទៀត និងបានថ្លែងអំណរគុណចំពោះបក្សនយោបាយនានា និងសង្គមស៊ីវិលដែលគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការប្រកាន់យកឥរិយាបថដើម្បីកាច់បំបាក់ការឈ្លានពានរបស់ថៃ មកលើកម្ពុជា។ ការបង្កើតសង្គ្រាមនេះមិនមែនកម្ពុជាជាអ្នកបង្កើតទេ គឺថៃជាអ្នកបង្កើតសង្គ្រាម ហើយភស្តុតាងជាក់ស្តែង ដែលនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាឧក្រិដ្ឋកម្មសង្គ្រាម។ ការបាញ់ផ្លោងក្នុងវត្តគឺជាឧក្រិដ្ឋកម្មសង្គ្រាមមួយ។ យើងត្រូវធ្វើសកម្មភាពយូរអង្វែងមិនមែនមួយថ្ងៃ ឬពីរថ្ងៃចប់ទេ ដូច្នេះការចូលរួមនៅក្នុងចលនាស្នេហាជាតិដើម្បីការពារប្រទេសត្រូវ ធ្វើក្នុងរយៈពេលវែង។
សម្តេចតេជោបញ្ជាក់ថា ចាប់តាំងពីថ្ងៃដំបូងនៃថ្ងៃកើតព្រឹតិ្តការណ៍ កងទ័ពពលីម្នាក់ត្រូវទទួលបាន១ម៉ឺនដុល្លារអាមេរិកបូកជាមួយនឹង ការធ្វើបុណ្យទានរាជរដ្ឋាភិបាលទទួលបន្ទុកទាំងអស់។ អ្នករបួសធ្ងន់៣ពាន់ដុល្លារអាមេរិក អ្នករបួសស្រាល១.៥០០ដុល្លារអាមេរិក និងមានការឧបត្ថម្ភរបស់ប្រជាពលរដ្ឋថែមទៀត។ សូមយកចិត្តទុកដាក់ចំពោះអ្នកពលី ទាំងទាហាននិងនគរបាល ។
ទាក់ទិននឹងការបាញ់គ្រាប់បែកចង្កោមសម្តេចតេជោ បានព្រមានថា តើនេះជាការប៉ះទង្គិចឬ? នេះជាសង្គ្រាមតែម្តង ពុំមែនការប៉ះទង្គិចទៀតទេ គឺសុទ្ធតែកាំភ្លើងផ្លោងធំៗ។ សម្តេចបញ្ជាក់ថា សង្គ្រាមដែលកម្ពុជាធ្វើជាមួយថៃត្រូវធ្វើ់ការដោះស្រាយរយៈពេលវែង ។ ឥឡូវយើងដើរដល់ដំណាក់កាលមួយ គឺយន្តការអន្តរជាតិ ព្រោះជាមួយថៃយើងអត់ទុកចិត្តបានទេ វាស៊ីញ៉េដោយដៃ តែវាលុបដោយជើង។ នៅពេលដែលអាប់ភីស៊ីតបានប្រកាសថា នឹងប្រើប្រាស់ទាំងមធ្យោបាយការទូត និងមធ្យោបាយយោធាដើម្បីដោះស្រាយបញ្ហា ពេលនោះខ្ញុំធ្វើលិខិតភ្លាមទៅប្រធានក្រុមប្រឹក្សាសន្តិសុខ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។ ខ្ញុំបានប្រកាសថា នៅពេលសង្គ្រាមកើតយើងធ្វើសកម្មភាព២ទិស។ ទិសទី១-គឺការពារទឹកដីនៅនឹងកន្លែង ទិសទី២-ធ្វើសកម្មភាពនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ។ ក្នុងពេលដែលធ្វើការងារនេះ សូម្បីប្រធានអាស៊ានជាជនជាតិថៃលើកសំណូមពរដើម្បីឱ្យអាស៊ានមាន ការសំរបសំរួល បែរជានាយករដ្ឋមន្ត្រីអាប់ភីស៊ីតបដិសេធចោលភ្លាម។ រាប់ទាំងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីមកកាន់កម្ពុជា គឺប្រទេសថៃគេនៅនិយាយទ្វេភាគីៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា ចាប់ពីពេលនេះ ម៉ោងនេះទៅយើងបន្តការចរចាដោយសន្តិវិធី ដោះស្រាយដោយសន្តិវិធី ក៏ប៉ុន្តែលើមូលដ្ឋាននៃភាគីទី៣ចូលរួម។ យើងមិនអាចយល់ស្របទេ សូម្បីការចរចារដ្ឋមន្ត្រីការពារជាតិក៏ខ្ញុំមិនឱ្យធ្វើដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកកាលពីពេលសម្តេចបានពិភាក្សាជា ។
លោកបាន គីមូន អគ្គលេខាធិការអ.ស.ប បាននិយាយជាមួយនឹងអាប់ភីស៊ីត រួចបាននិយាយជាមួយខ្ញុំគាត់ថា ការប៉ះទង្គិចខ្ញុំថា មិនមែនទេ នេះជាសង្គ្រាម ។ បានជាគេថា ពាក្យប៉ះទង្គិចព្រោះគេចង់សំរាលនៅក្នុងការប្រជុំដែល ប្រព្រឹត្តទៅនៅថ្ងៃចន្ទខាងមុខ ។ ខ្ញុំអំពាវនាវឱ្យប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ។
ចំណុចទី២ សូមឱ្យបញ្ជូនមកក្រុមរក្សាសន្តិភាពអ.ស.ប ឬក៏អ្នកសង្កេតការណ៍យោធាអ.ស.ប មកកាន់កម្ពុជា ។ បើសិនជាកងរក្សាសន្តិភាពអ.ស.ប មកការពារប្រាសាទព្រះវិហារយើងក៏សុខចិត្តដែរយើងអត់ខ្លាចទេ ព្រោះ UN ធ្លាប់មកនៅកន្លែងនោះ ព្រោះប្រទេសយើងបានឯកភាពរួចហើយ ដោយវាជាបេតិកភណ្ឌពិភពលោក អនុសញ្ញា៥៤ស្តីពីការការពារបេតិកភណ្ឌក្របខណ្ឌមានជំលោះ ។
សម្តេចបានប្រាប់ទៅលោកអគ្គលេខាធិការអ.ស.បថា ជានិច្ចកាលអាប់ភីស៊ីត នាយករដ្ឋមន្ត្រីនៃថា កម្ពុជាឈ្លានពាន ។ ហេតុអ្វីបានជារដ្ឋាភិបាលថៃខ្លាចអន្តរជាតិ? បើអ្នកឯងជា មាសសុទ្ធកុំខ្លាចភ្លើង ។ បើចង់ដឹងជាអ្នកណាឈ្លានពានអ្នកណាមកពិនិត្យទាំងសងខាង ទាំងកម្ពុជា ទាំងខាងថៃ អ្នកណាឈ្លានពានអ្នកណា...។ យើងនៅតែបន្តការចរចាដោយសន្តិវិធី ប៉ុន្តែការចរចានេះត្រូវមានភាគីទី៣ចូលរួម ។
បើសិនជាក្រុមប្រឹក្សាសន្តិសុខមានការលំបាក ក្រុមប្រឹក្សាអ.ស.បនេះគួរប្រគល់តួនាទីនេះឱ្យប្រធានអាស៊ាន ។ ឥឡូវគេសំរេចនៅថ្ងៃចន្ទខាងមុខព្រលះគ្នា ចំណែកថៃកាស៊ីត ភិរម្យទៅ ។ គេអញ្ជើញក្រុមប្រឹក្សាសន្តិសុខទាំង១៥ ទាំងសមាជិកអចិន្ត្រៃយ៍ទាំងមិនអចិន្ត្រៃយ៍ ហើយប្រេស៊ីលជាប្រធាន គេអញ្ជើញថៃ-កម្ពុជានិងឥណ្ឌូណេស៊ី ។ បើអាប់ភីស៊ីតបដិសេធទៀត តើអ្នកឯងមានន័យដូចម្តេច? ឥឡូវទៅបដិសេធនៅមុខក្រុមប្រឹក្សាសន្តិសុខអ.ស.ប មុខអាស៊ានទៅ ។ ស្អីអាងអ្នកឯង អាងធំ អុីចឹងសង្គ្រាមលើកនេះត្រូវដោះស្រាយដោយយន្តការអង្គការសហប្រជា ជាតិ ។ បើអ.ស.បមើលឃើញមិនចាំបាច់អាចផ្ទេរតួនាទីនេះឱ្យយន្តការ តំបន់ ប៉ុន្តែត្រូវការបំពេញឱ្យគ្នា មិនមែនជាការទាមទារដាច់ពីគ្នាទេ ត្រូវអ.ស.បបំពេញឱ្យគ្នា។ យើងនឹងកំដរលេងលើបញ្ហានេះ តែកងទ័ពនៅទល់ដែនត្រូវប្រឹងប្រែងអត់ធ្មត់ ។ ពួកវាអាក្រក់ណាស់ ពីរ បីម៉ោងបាញ់មកយើង ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាកំពុងត្រៀមបឹ្តងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបកស្រាយសាលក្រមតុលាការឡាអេឆ្នាំ ១៩៦២ បើមិនដូច្នេះទេ វាត្រូវតែជាដំណោះស្រាយបណ្តោះអាសន្នក្នុងការឈប់បាញ់ តែរឿងឱ្យចប់គឺវាមិនបញ្ចប់ទេ ។ ប្រធានបក្សអាវលឿងវាហ៊ាននិយាយថា វ៉ៃ វ៉ៃ កម្ពុជា យកអង្គរវត្ត រួចហើយចាំចរចាដោះដូរជាមួយព្រះវិហារ ។
សម្តេចបានលើកសំណួរទៅអាប់ភីស៊ីតថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ តើលោកឯងបន្តឱ្យមនុស្សធ្វើបាតុកម្មជេរខ្មែរ ហើយផ្សាយតាមបណ្តាញទូរទស្សន៍ ។ លោកឯងបានធ្វើការនឹងពួកអាវក្រហមហើយ តែរឿងនេះម៉េចក៏មិនធ្វើ? តើវាជាកូនជញ្ជីងរបស់លោកឯងលេងជាមួយកម្ពុជាឬអី? កម្ពុជាអត់មានចរន្តបែបនេះទេ ។ ការគំរាមប្រើកប៉ាល់ហោះគឺជាការកាន់តែឱ្យតំលៃទៅក្រុមប្រឹក្សា សន្តិសុខហើយ ។ នេះជាសង្គ្រាមរវាងកម្ពុជា និងថៃ កម្ពុជាធ្វើសង្គ្រាមប្រឆាំងការឈ្លានពានរបស់ថៃដែលធ្វើសង្គ្រាម ឈ្លានពានទឹកដីកម្ពុជា ៕
Sources: http://kohsantepheapdaily.com.kh/article/20110209-05264.html
No comments:
Post a Comment